ហេតុអ្វី អាជីវកម្ម៨០%​ ដួលរលំក្នុងរយៈពេល៥ឆ្នាំ មាន១០%ប៉ុណ្ណោះ អាចឈរជើងលើសពី១០ឆ្នាំ

ហេតុអ្វី​​អាជីវកម្ម៨០%​ដួលរលំក្នុងរយៈពេល៥ឆ្នាំ​មាន១០%ប៉ុណ្ណោះអាចឈរជើង​លើសពី១០ឆ្នាំ​បច្ចុប្បន្ន ការប្រកបអាជីវកម្ម មានការកើនឡើង យ៉ាងផលផុស ប៉ុន្តែទន្ទឹម និង ការបើក អាជីវកម្ម ដ៏ច្រើនលើសលប់នេះ ក៏មានអាជីវកម្ម មិនតិចឡើយ ដែលត្រូវបិទ អាជីវកម្មទៅវិញ។ ជាទូទៅ អាជីវកម្មជាង៨០ភាគរយ ត្រូវដួលរលំទៅវិញ មិនលើសពី៥ឆ្នាំឡើយ ហើយមានមិនដល់ ១០ភាគរយផង ដែលអាចបន្តដំណើរ អាជីវកម្មរបស់ខ្លួន លើសពី១០ឆ្នាំ។
ដូច្នេះ យើងឃើញថា ក្នុងចំណោមអាជីវកម្ម១០ មានតែ១ប៉ុណ្ណោះ ដែលអាចឈរជើង បានលើសពី១០ឆ្នាំ។
តើហេតុអ្វី បានជាអាជីវកម្មថ្មីថ្មោង ភាគច្រើន ត្រូវដួលរលំទៅវិញ ក្នុងរយៈពេលដ៏ខ្លី?

សូមលើកយក ទិដ្ឋភាពទូទៅ ៣ចំនុច របស់លោក Kiyosaki យកមក បកស្រាយ៖
១. ចាប់ផ្តើម អាជីវកម្ម ទាំងខ្លួនគ្មាន ចំណេះដឹង ជាសហគ្រិន
លោក Kiyosaki លើកឡើងថា ការបរាជ័យ អាជីវកម្មភាគច្រើន មិនមែនមកពីទុន ដែលងាយនឹង មានហានិភ័យ ដូចជាលុយកម្ចី ឬលុយចងការប្រាក់ មករកស៊ីទេ ប៉ុន្តែមកពីពួកគេ ខ្វះភាពជាសហគ្រិន។ អ្នករកស៊ីថ្មីថ្មោង ចេញបើកអាជីវកម្ម ទាំងខ្លួនមិនដឹងថា អ្វីជាជីវិតជាអ្នករកស៊ី មិនបានទាំងត្រៀមខ្លួន ដើម្បីតតាំង និង ឧបសគ្គ ជាពិសេស មិនទាំងចេះគ្រប់គ្រង និងប្រើប្រាស់ ហិរញ្ញវត្ថុឲ្យចំគោលដៅផង ជាពិសេស ធ្វើអាជីវកម្មទាំងគ្មានគម្រោង និង គោលដៅអាជីវកម្ម ច្បាស់លាស់។ បើយើងក្រលែកមើល អាជីវកម្មនៅ កម្ពុជាបច្ចុប្បន្ន មានអាជីវកម្ម ភេសជ្ជៈកាហ្វេ ជាដើម បើកលក់ព្រោងព្រាត់ កាន់តែច្រើនឡើងៗ ទន្ទឹមនិងនេះ ក៏មានបិទជាបន្តបន្ទាប់។ នេះហើយសបញ្ជាក់ ឲ្យឃើញថា សហគ្រិនទាំងនោះ ចាប់ផ្តើមទាំងខ្លួន គ្មានចំណេះដឹងផ្នែកនេះ ហើយថែមទាំងគ្មានភាព ជាសហគ្រិនទៀតផង។

២. មិនចេះបត់បែន ទៅតាម និន្នាការទីផ្សារ
ម្ចាស់សៀវភៅ “ពុកអ្នកមាន បង្រៀនកូនអ្នកក្រ” បានណែនាំថា ការធ្វើអាជីវកម្ម សម័យបច្ចុប្បន្ន មានការវិវដ្តន៍លឿន ស្ទើរមិនគួរឲ្យគួរ បច្ចេកវិទ្យាថ្មីៗ គំនិតឆ្នៃបង្កើតប្លែកៗ ផុសឡើងជារៀងរាល់ថ្ងៃ ហេតុនេះហើយ ដើម្បីឲ្យអាជីវកម្ម អាចដំណើររលូនទៅមុន និង ប្រកួតប្រជែងបាន អ្នកត្រូវតែអភិវឌ្ឍន៍ អាជីវកម្មរបស់អ្នកដូចគ្នាដែរ ដើម្បីឲ្យដើរឲ្យទាន់សម័យកាល បើមិនដូច្នេះទេ មិនយូរមិនឆាប់ អាជីវកម្មនឹងត្រូវបិទទ្វារ។ ដូចមានក្រុមហ៊ុនទូរស័ព្ទ Nokia ជាឧទាហរណ៍ ដោយសប្បាយ និង ភាពជោគជ័យ ភ្លេចគិតឆ្នៃប្រឌិតអ្វីដែលថ្មីប្លែក ធ្វើឲ្យក្រុមហ៊ុនមួយនេះ ធ្លាក់ចុះយ៉ាងខ្លាំង ស្ទើរតែក្ស័យធន និង បាត់បង់ទីផ្សាររបស់ខ្លួន ស្ទើរមិនគួរឲ្យជឿ។ លោកបានមានប្រសាសន៍ថា៖ បើអ្នកមិនអភិវឌ្ឍអាជីវកម្មរបស់អ្នក មិនមែនមានន័យថា អ្នកនៅកន្លែងដដែលទេ គឺ អ្នកកំពុងដើរថយ ក្រោយហើយ។

៣. កង្វះសមត្ថភាព គ្រប់គ្រងហិរញ្ញវត្ថុ
លោក Kiyosaki អ្នកបង្កើតចន្តរប្រាក់៤ផ្នែក បានពន្យល់ទៀតថា អាជីវកម្មភាគច្រើនមិនអាចឈរជើង និងត្រូវក្ស័យធន ដោយសារមិនអាចទ្រាំទ្រ និង ការខាតបង់បន្តទៀត បាន មូលហេតុ ដោយាសារមិនចេះ គ្រប់គ្រងហិរញ្ញវត្ថុនេះហើយ។ អាជីវកម្មទាំងនោះ ខ្លះមិនមែនមកពីផលិតផល ឬសេវាកម្មមិនល្អនោះទេ ប៉ុន្តែបញ្ហាផ្នែកហិរញ្ញវត្ថុ ធ្វើឲ្យអាជីវកម្មមិនអាចបន្តទៅមុខទៀតបាន ក៏សម្រេចចិត្តបិទទ្វារ។ ជាឧទារហណ៍ ស្ថាបនិកកាហ្វេ Brown ស្ទើរតែត្រៀមនឹង បិទអាជីវកម្មទៅហើយ ដោយសារខ្វះខាតហិរញ្ញវត្ថុ និង វិបត្តិក្នុង ការគ្រប់គ្រងហិរញ្ញវត្ថុនេះហើយ ប៉ុន្តែដោយភាពឈ្លាសវៃ លោកអាចរកទុន បន្ថែមបានទាន់ពេលវេលា ធ្វើឲ្យលោកមានហិរញ្ញវត្ថុបន្តវិថីជីវិត Brown បានមកដល់សព្វថ្ងៃ បើមិនដូច្នេះទេ ប្រហែលគ្មានវត្តមាន ហាងកាហ្វេមួយនេះ ដល់សព្វថ្ងៃនោះដែរ។ សរុបមក ការដើរលើវិថីជីវិតជាសហគ្រិន មិនមែនជារឿងងាយស្រួលនោះឡើយ ភាគរយនៃភាពបរាជ័យ មានខ្ពស់ខ្លាំងណាស់ ដែលជាឧបសគ្គរារាំងដ៏ធំ ចំពោះអាជីវកម្មថ្មីថ្មោងភាគច្រើន ប្រសិនបើអ្នកមិនមាន ផែនការអាជីវកម្ម ឲ្យបានច្បាស់លាស់ន និង ល្អិតល្អន់។ ការចាប់ផ្តើម អាជីវកម្មសំខាន់បំផុត គម្រោងអាជីវកម្ម ដែលជាដៅកំណត់ផ្លូវ ដែលយើងត្រូវដើរ ដូចជាពាក្យស្លោក ដែលគេលើកឡើងថា៖ គ្មានក្រុមហ៊ុនធំៗណាមួយ ជោគជ័យ ដោយសារ គម្រោងអាជីវកម្មអន់ៗនោះឡើយ៕


ប្រភពអត្ថបទ៖ https://www.business-cambodia.com/robert-kiyosaki-advices/